អំណាចឧកញ៉ា តាំង អៀង បានភ្លេីង ខៀវពីថ្នាក់ជាតិ ទេីបធ្វេីអោយ ម៉ៅ ធនិន្ទទទួលបានសំណែនដែរឬ?

  1. អំណាចឧកញ៉ា តាំង អៀង បានភ្លេីង ខៀវពីថ្នាក់ជាតិ ទេីបធ្វេីអោយ ម៉ៅ ធនិន្ទទទួលបានសំណែនដែរឬ?

 

មេឈ្មួញ តាំង អៀង ស្ពាយលុយញ៉ុកមាត់សមត្ថកិច្ចពុករលួយក្នុងខេត្តពោធិសាត់ជាថ្នូរការធើ្វសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់  ។

បេីតាមប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនក្នុងខេត្តពោធិ៍សាត់បានខ្សឹបឲ្យដឹងថា ឈ្មួញឈើឈ្មោះ តាំង អៀង ដែលមានងារជាឧកញ៉ាផងនោះ បានបង្កើនសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាលឡើងគគ្រឹកគគ្រេង ហើយមិនយូរមិនឆាប់ព្រៃឈើនៅក្នុងតំបន់ខាងលើនឹងជៀសមិនផុតពីសេចក្ដីវិនាសនោះឡើយ។

 

ប្រភពដដែលបានខ្សឹបបន្តទៀតថា កន្លងមកការដែលសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ច អាវុធហត្ថខេត្តពោធិ៍សាត់សហការគ្នាបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ គឺបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ខណៈមេឈ្មួញរកស៊ីឈើឈ្មោះ តាំង អៀង នៅតែអាចគេចផុតពីការបង្ក្រាប និងបន្តប្រព្រឹត្តបទល្មើសខ្លាំងជាងមុនទៅទៀត។

 

បេីតាមប្រជាជនដែល រស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់បានខ្សឹបឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះមេឈ្មួញឈ្មោះ តាំង អៀង នៅតែបន្តសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាលយ៉ាងសកម្មសង្ស័យថា មេឈ្មួញរូបនេះស្ពាយលុយញ៉ុកមាត់សមត្ថកិច្ចពុករលួយពាក់ព័ន្ធមួយចំនួនក្នុងខេត្តពាធិ៍សាត់អស់ហើយមិនដឹង ទើបមិនបង្ក្រាប។

 

មេឈ្មួញរកស៊ីឈើឈ្មោះ តាំង អៀង នៅតែបន្តប្រើប្រាស់អាជ្ញាប័ណ្ណហួសសុពលភាពរបស់ក្រុមហ៊ុន អឹម ឌី អេស ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្រុកវាលវែងយ៉ាងស្របច្បាប់បំផុត។ ហើយការដែលមេឈ្មួញរកស៊ីឈើឈ្មោះ តាំង អៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តបែបនេះ គឺសង្ស័យមានការឃុបឃិតគ្នា និងមានការបើកដៃពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ស្ថាប័ន ដែលគិតតែពីរឿងផលប្រយោជន៏ផ្ទាល់ខ្លួនក្នុងការប្រមូលលុយចែកគ្នាធ្វើមានធ្វើបានតែប៉ុណ្ណោះ។

 

ឥឡូវត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់មួយចំនួនបាននាំគ្នាលើកឡើងរិះគន់ក្នុងន័យស្ថាបនាថា ប្រសិនបើគ្មានការឃុបឃិត ឬបើកដៃពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ ព្រមទាំងប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ទេនោះ គឺមេឈ្មួញរកស៊ីឈើឈ្មោះ តាំង អៀង ក៏មិនអាចធ្វើការដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងរលូនបែបនេះទេ។                             តេីលោក ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តគួរតែមានវិធានការធ្វើការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដើម្បីថែរក្សាធនធានធម្មជាតិព្រៃឈើដែលនៅសេសសល់ពីការកាប់បំផ្លាញឲ្យនៅគង់វង់បានទេ? ។

ពាក់ព័ន្ធប្រភពខ្សឹបខ្សៀវខាងលើនេះដែរ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន្ទ ក៏ដូចជាលោកឧកញ៉ា តាំង អៀង និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់មិនអាចស្វែងរកសុំការបំភ្លឺបានទេគិតត្រឹមម៉ោងផ្សាយនេះ ព្រោះពុំមានលេខទូរស័ព្ទ។សូមរម្លឹកថា នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការព្រមានចំៗទៅលើលោក ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយសម្តេចថ្លែងថា សម្តេច នឹងដកតំណែងអភិបាលខេត្តពោធិ៍សាត់ ប្រសិនបើបំពេញការងារមិនបានល្អ ព្រោះថា សម្តេចមិនគាំទ្រចំពោះមន្ត្រីណា ដែលបំពេញការងារមិនបានល្អនោះទេ។

 

បេីតាមការព្រមានដកតំណែងអភិបាលខេត្តពោធិ៍សាត់ ក៏មានមតិជាច្រើនបាននាំគ្នាលើកឡើងក្នុងន័យសំដែងការគាំទ្រចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈបទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្តាល ស្ថិតក្នុងស្រុកវាលវែង ត្រូវបានប្រភពរាយការណ៍មកថា រងការកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកពីសំណាក់មេឈ្មួញឈ្មោះ តាំង អៀង ប៉ុន្តែអាជ្ញាធរខេត្តពោធិ៍សាត់ បែរជាមិនព្រមធ្វើការទប់ស្កាត់ទាល់តែសោះ ព្រោះឈ្មួញរូបនេះបានជ្រកក្រោមស្លាកអាជ្ញាប័ណ្ណក្រុមហ៊ុន អឹមឌីអេស ហេីយក៏មិនព្រមឈប់ដំណេីរកាតដោយយកអំណាចន័យទឹកលុយខ្ទប់មុថ្នាក់ជាតិនឹងចៅហ្វាយខេត្តហេីយ៕

ដោយអង្គរថ្មី/0979079794